Thứ Hai, 17 tháng 7, 2017

ស្រាវជ្រៅវ សិក្សាប្រវត្តិសាស្ត្រ ៖ ប្រវត្តិទឹកដីកម្ពុជាក្រោម និង ការឈ្លានពានរបស់វៀតណាម និង បារាំង

កម្ពុជា​ក្រោម​ជា​ផែនដី​មួយ​ភាគ​ស្ថិតនៅ​ប៉ែក​ខាងកើត​ប្រទេស​កម្ពុជា​បច្ចុប្បន្ន​។ កាលដើមឡើយ​ផែនដី​នេះ មានឈ្មោះ​ហៅថា កម្ពុជា​ទឹក​លិច នៅ​ជា​ប្រជុំ​កោះ​នៅឡើយ ព្រោះ​កាលសម័យ​នោះ មានតែ​កម្ពុជា​កណ្ដាល​ទេ ដែលជា​ដែនដី​គោក ។ នៅ​ទីនោះ ពុំ​សូវ​មាន​ពលរដ្ឋ​ខ្មែរ​រស់នៅ​ទេ ព្រោះ​ខ្មែរ​ពុំ​សូវ​ចូលចិត្ត​រស់នៅ​តាម​មាត់​ទឹក​ដែលមាន​របរ​នេសាទ​ត្រី​។
អ៊ីចឹង​ហើយ ព្រះមហាក្សត្រ​ខ្មែរ​ក៏​ពុំបាន​យក​ព្រះទ័យ​ទុកដាក់​ត្រួតពិនិត្យ​ផែនដី​នោះ​ឱ្យបាន​ហ្មត់ចត់​ប៉ុន្មាន​ដែរ ។ លុះ​ប្រហែល​មួយរយ​ឆ្នាំ​ក្រោយមក កម្ពុជា​ទឹក​លិច​ក្លាយជា​ដែនដី​គោក ដោយសារ​ដីល្បាប់​ទន្លេមេគង្គ​ហូរ​ចាក់ ។ ពេលនោះ ប្រជារាស្ត្រ​ខ្មែរ​បាននាំគ្នា​ទៅ​រស់នៅ​យ៉ាង​កុះករ ថែមទាំង​មាន​កំពង់ផែ​មួយ​យ៉ាង​ធំ​គឺ​កំពង់ផែ​ព្រៃនគរ​។ កាលនោះ ពុំទាន់​មាន​ជនជាតិ​វៀតណាម​ចូលមក​រស់នៅក្នុង​ទឹកដី​កម្ពុជា​ក្រោម​នៅឡើយ ។​
​លុះដល់​រា​ជ្ជ​កាល​ស្តេច​ជ័យជេដ្ឋា​ទី​២​ពី​ឆ្នាំ​១៦១៨ – ១៦២៨​ក្រោយ​ស្តេច​អង្គ​នេះ យក​បុត្រី​ស្តេច​អាណ្ណា​ម ឈ្មោះ ង្វៀង ង៉ុ​ក​វ៉ាន់ ជា​កូន​ទី​៨ ធ្វើជា​មហេសី​មក​ក្នុងន័យ​ដើម្បី​រឹតចំណង​សម្ព័ន្ធមិត្ត​ជាមួយ​អណ្ណាម​ដើម្បី​ទប់ទល់​ជាមួយ​សៀម​ដែល​ចេះតែ​ឈ្លានពាន​កម្ពុជា ។ ប៉ុន្តែ​ចំណងមិត្តភាព​នេះ​ស៊ីជម្រៅ​ហួស ហេតុនេះ​បានធ្វើ​ឲ្យ​ជនជាតិ​មួយ​នេះ ក៏​ចាប់ផ្ដើម​ទន្ទ្រាន​ចូលមក​រស់នៅក្នុង​ទឹកដី​កម្ពុជា​ក្រោម​បន្តបន្ទាប់​គ្នា​រហូតមក​។​
មហេសី ង្វៀង ង៉ុ​ក​វ៉ាន់ នេះហើយ ដែល​បាន​ខ្ចី​ដី​ខ្មែរ​ពី​ព្រះបាទ​ជ័យជេដ្ឋា​ទី​២ ឱ្យ​ជនជាតិ​វៀតណាម​មក​រស់នៅ ក្នុង​កិច្ចសន្យា​ត្រឹមតែ​៥​ឆ្នាំ​ប៉ុណ្ណោះ ប៉ុន្តែ​អាណ្ណា​ម​មិនបាន​សង​ឱ្យ​ខ្មែរ​វិញ​ទេ ។ ​ឆ្នាំ ១៦២៣ ស្តេច​អណ្ណាម​បាន​បញ្ជូន​បេសកជន​មួយក្រុម​មកសុំ​ស្តេច​ខ្មែរ​អនុ​ញ្ញា​ត្ត​ឈប់​យកពន្ធ​អាករ​នានា​ក្នុង​ភូមិភាគ​ក្រុង​ព្រៃនគរ ។ ដោយ​យល់​ពី​មនោសញ្ចេតនា​មិត្តភាព​នេះ ស្តេច​ជ័យជេដ្ឋា​ទី​២ ក៏​អនុញ្ញាត​តាម​ការស្នើសុំ​របស់​ស្តេច​អាណ្ណា​ម ។
​ជំនាន់​ក្រោម​ការគ្រប់គ្រង​របស់​ព្រះបាទ​ជ័យជេដ្ឋា​ទី​២ ប្រទេស​កម្ពុជា​ស្ថិតនៅក្នុង​សភាព​វឹកវរ និង​ក្នុង​ឥទ្ធិពល​ជាតិ​វៀតណាម​កាន់តែ​ធ្ងន់​បន្តិច​ម្ដងៗ​។​វៀតណាម​បាន​ចូលមក​រាតត្បាត​ទឹកដី​កម្ពុជា​ក្រោម​ចាប់តាំងពី​ពេលនោះ​មក ប៉ុន្តែ ពុំទាន់​បាន​កាន់កាប់​ទឹកដី​របស់​ខ្មែរ​ផ្ទាល់​នៅឡើយ ព្រោះ​ប្រជារាស្ត្រ​ដែលជា​ម្ចាស់​ទឹកដី បានធ្វើ​សង្គ្រាម​ប្រឆាំង​តបត​ទល់នឹង​វៀតណាម​ជានិច្ច ។
ប៉ុន្តែ​បើ​យោងតាម​ឯកសារ​មួយ​របស់​ខ្មែរក្រហម​ឈ្មោះ​សៀវភៅ​ខ្មៅ​និយាយថា​មុន​អាណានិគម​បារាំង​ត្រួតត្រា​ខ្មែរក្រោម​ទឹកដី​ខ្មែរក្រោម​ពុំទាន់​ធ្លាក់ចូល​កណ្ដាប់ដៃ​អណ្ណាម​ទាំងស្រុង​ទេ ពោលគឺ​នៅ​ប្រទាញប្រទង់​ខ្មែរ​តស៊ូ​ប្រឆាំង​កាន់កាប់​ខេត្ត​ក្រុង​និង​កោះ​ជាច្រើន ។ ឯកសារ​នោះ​លើក​ថា​នៅ​ឆ្នាំ ១៦៤៣​កម្ពុជា​បានទាមទារ​ឲ្យ​ដាក់ឈ្មោះ​ព្រៃនគរ​វិញ​តែ​វៀតណាម​បាន​បដិសេធ​។ ឆ្នាំ​១៦៤៥ កម្ពុជា​បានទាមទារ​ជាថ្មី​ម្តងទៀត​ឲ្យ​វៀតណាម​ប្រគល់​ទឹកដី​ព្រៃនគរ​មក​ឲ្យ​ខ្មែរ​វិញ ។
វៀតណាម​បាន​សន្យាថា​នឹង​ប្រគល់​ទឹកដី​នេះ​ឲ្យ​កម្ពុជា ក៏ប៉ុន្តែ​គ្រាន់តែ​ជាការ​សន្យា​បោកប្រាស់​តែប៉ុណ្ណោះ ពីព្រោះ​ធាតុពិត​វៀតណាម​បាន​បន្ត​បញ្ជូន​ប្រជាជន​របស់ខ្លួន​រាប់ពាន់នាក់​មក​តាំង​លំនៅស្ថាន​នៅ​ទឹកដី​ព្រៃនគរ​ជា​ហូរហែ​។ វៀតណាម​បាន​បន្ត​ការ​វាតទី​និង​ពង្រីក​ទឹកដី​របស់ខ្លួន​ដោយ​ប្រើប្រាស់​ទឹកដី​ព្រៃនគរ​ជា​ឈ្នាន់​របស់ខ្លួន​។​
​កាលបរិច្ឆេទ​ដែល​បាន​លើក​យកមក​និយាយ​ខាងក្រោម​នេះ ដែល​បានមកពី​ម​គ្គុ​ទ្ទេស​ក៏​ពីមុន បង្ហាញ​ពី​ការ​ជ្រៀត​ចូលក្នុង​ទឹកដី​កម្ពុជា ប៉ុន្តែ​វៀតណាម​ពុំមាន​បំណង​ថា​ខ្លួន​នឹង​យក​ជា​កម្មសិទ្ធិ​នៃ​ទឹកដី​ទាំងអស់នេះ​ទៅតាម​កាលបរិច្ឆេទ​នេះ​ទេ​ព្រោះ​ប្រជាជាតិ​និង​ប្រជាជន​ទាំងមូល​បាន​វាយ​ប្រយុទ្ធ​ប្រឆាំងនឹង​ការ​លុកលុយ​នឹង​ការឈ្លានពាន​របស់​ប្រទេស​វៀតណាម​។​
​ក្នុង​ឆ្នាំ​១៦៩៩ វៀតណាម​បាន​កាន់កាប់​ខេត្ត​បា​រិ​យ៉ា វៀតណាម​ហៅថា «​ភឿ​កឡេ​» កំពង់​ស្រកាត្រី​វៀតណាម​ហៅ​«​បៀ​ន​ហោ​» និង​ព្រៃនគរ វៀតណាម​ហៅ «​សៃ​ហ្ក​ន​» ។ ក្នុង​ឆ្នាំ​១៧១៥ ដោយ​ពុំមាន​ការដឹងឮ​ពី​អាជ្ញាធរ​ខ្មែរ វៀតណាម​បាន​តាំង​ទីលំនៅ​របស់ខ្លួន​គ្រប់គ្រង​លើ​ខេត្ត​មួយចំនួន​នៅ​ពាម​បន្ទាយមាស វៀតណាម​ហៅ​«​ហា​ទៀង​» និង​ក្រមួនស (​រាជ​យ៉ា​) ក្នុង​ឆ្នាំ​១៧៣២ វៀតណាម​បាន​កាន់កាប់​ខេត្ត​ពាម​មេស ហៅ «​មី​ថូ​» និង ឡុង​ហោ​ហៅ «​វិញ​ឡុង​»​។ ក្នុង​ឆ្នាំ​១៧៥៧ វៀតណាម​ព្យាយាម​ចូល​ព្រំដែន​នៅ​មាត់ជ្រូក (​ចូ​វ​ដុក​)​។​
​ឆ្នាំ​១៧៥៨ វៀតណាម​បាន​យក​ខេត្ត​ព្រះ​ត្រពាំង (​ត្រា​វិញ​) និង ខេត្ត ឃ្លាំង​ហៅ «​សុក​ត្រាង​» ធ្វើជា​កម្មសិទ្ធិ​របស់ខ្លួន​។ ប្រជាជន​កម្ពុជា​បាន​តស៊ូ​ដោយ​ឥតឈប់ឈរ​ប្រឆាំងនឹង​ការជ្រៀតជ្រែក​របស់​វៀត​ណា​ម ដើម្បី​ស្រោចស្រង់​ទឹកដី​ដែលជា​របស់​ប្រជាជន​កម្ពុជា​មកវិញ​។ ឯកសារ​នេះ​សូម​ដកស្រង់​នូវ​ព្រឹត្តិការណ៍​សំខាន់​ដូចខាងក្រោម​៖
​នៅក្នុង​ឆ្នាំ​១៧៣១ ប្រជាជន​កម្ពុជា​នៃ​ខេត្ត​បាភ្នំ (​កម្ពុជា​ភាគ​ខាងកើត​) បាន​ក្រោក​ឡើង​វាយ​បណ្តេញ​ប្រជាជន​វៀតណាម​។​ ​ក្នុង​ឆ្នាំ​១៧៣៨ កងទ័ព​កម្ពុជា​បាន​បណ្តេញ​ប្រជាជន​វៀតណាម​ទាំងអស់​ចេញពី​ខេត្ត​ពាម​បន្ទាយមាស (​ហា​ទៀង​)​។​ ​ក្នុង​ឆ្នាំ​១៧៤៣ ប្រជាជន​នៃ​ខេត្ត​ឃ្លាំង​(​សុក​ត្រាង​) បាន​ក្រោក​ធ្វើ​បដិវត្តន៍ ហើយ​បាន​បណ្តេញ​វៀតណាម​ចេញពី​ខេត្ត​នេះ​។​ ​ក្នុង​ឆ្នាំ ១៧៤៨ ប្រជាជន​នៃ​ខេត្ត​ឃ្លាំង​បាន​ទប់ស្កាត់​ប្រជាជន​វៀតណាម​កុំឱ្យ​វិលត្រឡប់​មកវិញ ទ័ព​កម្ពុជា​បាន​វាយកម្ទេច​ទ័ព​វៀតណាម​នៅ​តំបន់​សាប​អង្កាម​ខេត្តពោធិសាត់​។​
​នៅក្នុង​ឆ្នាំ​១៧៧៦ ប្រជាជន​ក្នុង​ខេត្ត​ពាម​មេស (​មី​ថូ​) និង ឡុង​ហោ (​វិញ​ឡុង​) បាន​ក្រោក​បះបោរ​ឡើង​ប្រឆាំងនឹង វៀតណាម ហើយ​ទ័ព​កម្ពុជា​បាន​វាយ​រំដោះ​បាន​ខេត្ត​ទាំងពីរ​នេះ​។ នៅក្នុង​ចន្លោះ​ឆ្នាំ​១៨៣៥ និង​ឆ្នាំ​១៨៣៧ ប្រជាជន​ក្នុង​ខេត្ត​ព្រះ​ត្រពាំង (​ត្រា​វិញ​) បាន​ងើបឡើង​ប្រឆាំងនឹង​ប្រជាជន​វៀតណាម​។​ ​ក្នុង​ឆ្នាំ​១៨៤៥ ប្រជាជន​កម្ពុជា​ទាំងមូល​បាន​ងើបឡើង​វាយកម្ទេច​ប្រជាជន​វៀតណាម​។​
​នៅក្នុង​ឆ្នាំ​១៨៥៨ ប្រជាជន​កម្ពុជា​នៃ​ខេត្ត​មាត់ជ្រូក​ហៅ «​ចូ​វ​ដុក​» បាន​រំដោះទឹកដី​របស់ខ្លួន ហើយ​បាន​ភ្ជាប់​ទឹកដី​ខេត្ត​មាត់ជ្រូក​ទៅនឹង​ទឹកដី​កម្ពុជា​ឡើងវិញ​។ កងទ័ព​កម្ពុជា​បាន​វាយ​បណ្តេញ​ប្រជាជន​វៀតណាម​ចេញពី​ខេត្ត​ឃ្លាំង ហៅ​«​សុក​ត្រាង​» ព្រះ​ត្រពាំង​ហៅ​«​ត្រា​វិញ​» និង​ក្រមួនស ហៅ​«​រាជ​យ៉ា​»​។​
​នៅក្រោម​ការគ្រប់គ្រងរ​បស់​អាណានិគមនិយម​បារាំង​ចន្លោះ​ឆ្នាំ​១៨៦៣-១៩៥៤ ប្រជាជន​វៀតណាម​បាន​យក​ទឹកដី​របស់​កម្ពុជា​ត្រង់​តំបន់​ដទៃទៀត​មក​ធ្វើជា​កម្មសិទ្ធិ ។ វៀតណាម​សមគំនិត​ចូល​ដៃ​ជាមួយ​ពួក​អាណានិគម​បារាំង បាន​កាន់កាប់​តំបន់​ព្រៃនគរ (​សៃ​ហ្ក​ន​) ក្នុង​ឆ្នាំ​១៨៥៩ ។ ក្នុងអំឡុង​របប​អាណានិគម​កម្ពុជា​បាន​បាត់បង់​ទឹកដី​របស់ខ្លួន​ដូចខាងក្រោម​នេះ​៖
​ចន្លោះ​ឆ្នាំ​១៨៧០ ដល់ ឆ្នាំ​១៨៧៣: ខេត្ត​រោងដំរី (​តា​យ​និ​ញ​) ជា​តំបន់​ដែលមាន​ទីតាំង​នៅតាម​បណ្តា​ទន្លេ​វៃ​កូ​ទាំងពីរ ទឹកដី​នៃ​ខេត្ត​ពាម​បន្ទាយមាស (​ហា​ទៀង​) មាត់ជ្រូក (​ចូ​វ​ដុក​) និង ប្រាសាទ​ដាប់ (​ដុង​ថាប់​) ។ ចន្លោះ​ឆ្នាំ​១៨៩០ ដល់ ឆ្នាំ​១៩១៤: ខេត្ត​ជើងព្រះ​ហៅ «​សុង​ប៊ែ​»​។ ឆ្នាំ​១៩២៩ ពួក​អាណានិគមនិយម​បារាំង​យក​តំបន់​ដា​ឡាក់ (​វៀតណាម​ហៅ «​ដា​ឡាក់​»​ដែរ​) ដាក់​ក្រោម​អាណានិគម​របស់ខ្លួន ហើយ​បានប្រគល់​ទឹកដី​នេះ​ទៅ​ឲ្យ​ប្រជាជន​វៀតណាម​។​
​ក្នុង​ឆ្នាំ​១៩៣៩ ពួក​អាណានិគមនិយម​បារាំង​ភ្ជាប់​កោះតាង (​ភូ​កួ​ក​) កោះ​ឬ​ស្សី (​ហុង​ដុក​) និង​កោះ​តូចៗ មួយចំនួនទៀត​ទៅ​នឹ​ទឹកដី​កូសាំងស៊ីន នៅក្រោម​ការត្រួតត្រា​រប​ស់​ខ្លួន ហើយ​ជា​បន្តបន្ទាប់​ធ្លាក់​ក្រោម​ការត្រួតត្រា​របស់​វៀត​ណា​ម​។ រហូតមក​ទល់នឹង​សង្គ្រាមលោកលើកទី​២ វៀតណាម​បាន​ច្បាម​យក​ទី​ដី​៥០០០​គីឡូម៉ែត្រ​ក្រឡា​នៃ​ទឹកដី កម្ពុជា​ក្រោម​ជាង​មួយ​លាន​នាក់ ប្រជាជន​កម្ពុជា​ក្រោម​បច្ចុប្បន្ននេះ​ត្រូវបាន​ហៅថា «​ខ្មែរក្រោម​» គឺមាន​ចំនួន​ជិត​៤​លាន​នាក់​។
​នៅ​ឆ្នាំ​១៨៥៨ បារាំង​បាន​បញ្ជូន​កងទ័ព​ទៅ​វាយលុក​ទៅលើ​នគរ​អាណ្ណា​ម រហូត​ដណ្តើមយក​ទឹកដី​កម្ពុជា​ក្រោម​មកកាន់​កាប់ នៅ​ឆ្នាំ​១៨៦២ មុន​នឹងដាក់​អាណាព្យាបាល​លើ​កម្ពុជា (១៨៦៣) វៀតណាម (១៨៨៤) និង​ឡាវ (១៨៩៣) បង្កើត​ទៅជា​សហភាព​ឥណ្ឌូចិន​។ គួរ​បញ្ជាក់ថា នៅក្នុង​សហភាព​ឥណ្ឌូចិន​នេះ ដែនដី​កូសាំងស៊ីន​មាន​លក្ខណៈពិសេស​ពី​ប្រទេស​កម្ពុជា វៀតណាម និង​ឡាវ​។
កម្ពុជា វៀតណាម និង​ឡាវ គឺជា​ប្រទេស​ស្ថិតក្រោម​អាណាព្យាបាល​បារាំង ចំណែក​កូសាំងស៊ីន​វិញ បារាំង​មិន​បានដាក់​បញ្ចូលមក​ក្នុង​ទឹកដី​កម្ពុជា​វិញ​នោះទេ តែ​បារាំង​បាន​យក​ដែនដី​កូសាំងស៊ីន​នេះ​ទុក​ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន ដោយមាន​លក្ខន្តិកៈ​ជា​ដែនដី​បារាំង​នៅ​នាយ​សមុទ្រ (Territoire d’Ouetre-Mer)​។រហូតមក​ទល់នឹង​ពេលបច្ចុប្បន្ន​នេះ បារាំង​ក៏​បន្ត​មាន​ដែនដី​នៅ​នាយ​សមុទ្រ​យ៉ាងច្រើន​ដែរ ដូចជា Nouvelle-Calédonie និង Polynésie française ជាដើម ដែល​ស្ថិតនៅក្នុង​មហាសមុទ្រ​ប៉ាស៊ីហ្វិក ក្បែរ​ប្រទេស​អូស្ត្រាលី និង​នូ​វែ​ល​សេ​ឡង់​។​ ​ដូច្នេះ សរុបសេចក្តី​មកវិញ បើ​យោងទៅលើ​ឯកសារ​ប្រវត្តិសាស្ត្រ កម្ពុជា​ក្រោម គឺជា​អតីត​ទឹកដី​របស់​នគរ​ខ្មែរ មិនមែនជា​របស់​វៀត​ណា​ម​តាំងពីដើម​មក​នោះទេ​។
ក៏ប៉ុន្តែ កម្ពុជា​ក្រោម​នេះ បាន​បាត់បង់​ស្ទើរ​ទាំងស្រុង​ដោយ​ការដណ្ដើមយក​ដោយ​ខុសច្បាប់​ពី​វៀតណាម​ផង និង ពី​អាណានិគម​បារាំង​ផង​ហើយ​ការបាត់​បង់ធំ​ទាំងស្រុង ដោយសារ​បារាំង​កាត់​ឲ្យ​វៀតណាម នៅ​ឆ្នាំ​១៩៤៩​នេះ​។ ទឹកដី​កម្ពុជា​ក្រោម​នេះ កម្ពុជា​បាន​បាត់បង់​ទៅ​វៀតណាម ភាគច្រើន​តាំងពី​មុនពេល​បារាំង​ចូលមក​ដាក់​អាណានិគម​នៅ​ឥណ្ឌូចិន គ្រាន់តែ​ថា កម្ពុជា​ក៏​មិនបាន​បោះបង់​ការទាមទារ​យក​ទឹកដី​កម្ពុជា​ក្រោម​នេះ​ពី​វៀតណាម​មកវិញ​នោះ​រហូតមក​ដែរ​។ រហូត​ទាល់តែ​បារាំង ដែល​សម្រេច​ភ្ជាប់​ទឹកដី​កូសាំងស៊ីន​ទៅ​ប្រទេស​វៀតណាម នៅ​ឆ្នាំ​១៩៤៩ ទើប​ធ្វើ​ឲ្យ​កម្ពុជា​លំបាក​ក្នុង​ការធ្វើ​ការតវ៉ា ៕
​​ ប្រភពព័ត៌មាន ពីខ្មែរអប្សរា ​​

Không có nhận xét nào:

Đăng nhận xét